Free 100%

រឿង អ្នកតាសិង្ហនិងអ្នកតាឥន្ទ

    ១២. រឿង អ្នកតាសិង្ហ និងអ្នកតាឥន្ទ នៅវត្ដភ្នំក្ងោកមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានអ្នកតាពីរកន្លែង មានឈ្មោះផ្សេងពីគ្នាគឺ :

    ក. អ្នកតាព្រះឥន្ទ មានរូបធ្វើដោយថ្ម ចាស់ៗតំណាលថា ព្រះបាទអស្សច័យរាជជាអ្នកកសាងតាំងពីជំនាន់នគរវត្តម្ល៉េះ។ រូបអ្នកតានោះមានសណ្ឋានជារូបសិង្ហ ឬ តោទំហំជុំវិញខ្លួន ០.៩០ម ទទឹងខ្លួន ០.៣០ម កម្ពស់ ០.៧០ម មានអាស្រមធ្វើដោយឈើប្រក់ក្បឿង ស្ថិតនៅមុខព្រះវិហារវត្តក្ងោកមាសលើសព្វថ្ងៃនេះ។ ខ. អ្នកតាសិង្ហ មានរូបបុរាណមកធ្វើដោយថ្ម គេតំណាងថា ព្រះបាទអស្សច័យរាជ បានសាងដំណាលគ្នានឹងអ្នកតាព្រះឥន្ទដែរ មានសណ្ឋាន និងទំហំប៉ុនគ្នា ឯអាស្រមទៀតសោតក៏ដូចគ្នាប្លែកតែទីកន្លែងប៉ុណ្ណោះ គឺអ្នកតាសិង្ហនេះ ឋិតនៅមុខព្រះវិហារវត្តក្ងោកមាសក្រោមសព្វថ្ងៃ។ អ្នកតាទាំងពីរនេះ ចាស់ព្រឹទ្ធាចារ្យបានតំណាលថា ដើមឡើយអ្នកតាព្រះឥន្ទ មានអាស្រមនៅទួលគោកសំរង សង្កាត់ត្រប់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯអ្នកតាសិង្ហ នៅសង្កាត់ច្រុបស្រុកសន្ទុក ខេត្តកំពង់ធំឯណោះ។ លុះដល់រវាងព.ស(តាមអ្នកស្រុកស្មាន) ២៣៩៣ ព្រះបាទអង្គចន្ទទ្រង់យាងមកកាន់វត្តក្ងោកមាស ទ្រង់ទតឃើញដីទួល ពេញព្រះទ័យ ក៏ត្រាស់ឲ្យអ្នកស្រុកទៅអញ្ជើញអ្នកតាទាំងពីរ ពីកន្លែងរៀងរាល់អង្គ មកប្រតិស្ឋាននៅកន្លែងសព្វថ្ងៃរហូតមក។ សព្វថ្ងៃនេះ អ្នកស្រុកនៅតែគោរពរាប់អានអ្នកតាទាំងពីរនេះជាធម្មតា។ ឯគ្រឿងសំណែនដែលគេរៀបឡើងអ្នកតានេះ មានស្លាជម បាយសី បង្អែម ចម្អាប និងភ្លេងតូរ្យតន្ត្រីផង។ ឯគ្រឿងតង្វាយមាន ស្លាធម៌ដូង១គូនិងសំពត់ព្រែក្រហម៦.០០ម។ គេឡើងអ្នកតានេះនៅថ្ងៃទី៣កើត ខែពិសាខរៀងរាល់ឆ្នាំ។ មានរូបសំណឹងសម្រាប់បញ្ជានដែរ គឺឈ្មោះ ចាន់ សុខ។
  • sokham phen, 087232576 , sokham.phen9@gmail.com