Free 100%

អ្នកតាទួលស្លឹង

    ​​ ៧ រឿងអ្នកតាទួលស្លឹង អ្នកតាដែលពូកែសំខាន់ជាងគេ នៅក្នុងសង្កាត់ត្រងិល ស្រុកកំពង់លែងខែត្រកំពង់ស្ពឺ គឺអ្នកតា “ទួលស្លឹង” និង”ជំទាវ សុខ”។ អ្នកតានោះមានរូប២ រូបជាភេទប្រុស១ ជាភេទស្រី១មានមុខបែរឈរមករកគ្នាបន្តិច។អ្នកតាភេទប្រុសឈ្មោះ” ទួលស្លឹង” ងារស័ក្តិជាឃ្លាំងមឿងស្ដីទីចៅហ្វាយស្រុកព្រោះមានអ្នកតាឯទៀត ដូចជាអ្នកតាទ្វារស្រុក អ្នកតាសាលាទនិ ជាដើមចំណុះផង។ ឯអ្នកតាភេទស្រីឈ្មោះ” ជំទាវ សុខ” ។រូបអ្នកតាទាំងពីរ ឥតមានក្បូរក្បាច់រចនាអ្វីផ្សេងទេ។ការកកើតរូបរាងនៃអ្នកតាទាំងនេះឡើង អាស្រ័យអ្នកតាបានរៃប្រាក់កាសគ្នាទិញកំបោរលៀសយកមក ហើយយកថ្មតូចធំមកតម្រៀបជាដុំឡើង ឲមានរាង មួយទំហំប៉ុនខ្លួនក្របីយ៉ាងធំ។ទីកន្លែងអ្នកតាទាំងពីរនោះឥតមានខ្ទមទេ គឺនៅកណ្ដាលវាល រាបនឹងដីត្រង់ចង្កេះភ្នំត្រងិល ភូមិភាគខាងកើត បែរមុខទៅទិសខាងលិច ។សព្វថ្ងៃនេះ មានគុម្ពឬស្សីព្រៃមួយយ៉ាងធំទៅគ្របពីរលើអ្នកតាទាំងពីរនោះ ឯខាងមុខមានទីដីវាលស្អាតចំនួន៥ ម បួនជ្រុងស្មើ។ ម្យ៉ាងទៀត បែបផែនដែលនឹងធ្វើបុណ្យឡើងអ្នកតានោះ គេច្រើនតែនឹងធ្វើក្នុងខែជេស្ឋរាល់ឆ្នាំ ដើម្បីបួងសួងសុំទឹកភ្លៀង និង សុំឲមានសេចក្ដីសុខកុំឲមានជំងឺតម្កាត់មនុស្ស និង សត្វពាហនះផង។ ពិធីរៀបពលិការឡើងអ្នកតាៈ ​​​ មុនដំបូងត្រូវរៃប្រាក់កាសអ្នកស្រុកយកទៅទិញគ្រឿងតង្វាយផ្សេង មានសំពត់ អាវ គោ មាន់ ស្រាជាដើម និងគ្រឿងចង្ហាន់ប្រគេនព្រះសង្ឃ បានហើយ ទើបនិមន្តព្រះសង្ឃទៅចម្រើនព្រះបរិត្ត។ លុះព្រឹកឡើងគេនិមន្តព្រះសង្ឃទទួលភត្តរួចបញ្ជាន់រូបសំណឹង ប្រុសឈ្មោះ ឡុញនៅភូមិសំរោងរូបសំណឹងស្រីឈ្មោះយាយ ឪ នៅភូមិព្រែកតាដោក។ ជាដំបូងគេឲអ្នកភ្លេងលេងភ្លេង(កៃ) រហូតដល់ភ្លេង(អុំទូក)ជាទីបំផុត។ ឯគ្រឿងតង្វាយមានគោ១ មាន់ស្ងោរ១ ស្រា១ដប ស្លាធម៍១គូ អង្ករ១ចាន ទៀនស្នែងក្របីដោតពីលើអង្ករ១ ប្រាក់ពីរកំប៉ាង(២)។ បើមានធ្វើការបួងសួងសុំទឹកភ្លៀងផង អ្នកភ្លេងត្រូវលេងទាល់តែភ្លៀងធ្លាក់ជោកខ្លួនទើបឈប់។ បើមានពិធីសុំឲបាត់រោគាព្យាធិសត្វពាហនៈវិញ គេត្រូវធ្វើសង្ឃឹក១ មានធ្វើរូបមនុស្សប្រុស ស្រីកាន់ដាវ លំពែងដាក់ពីក្រោយ រូបគោ ក្របី មាន់ ទា ឆ្កែ ឆ្មា ដាក់ពីមុខ។ នៅតាមរបៀបសងខាង សង្ឃឹក គេដាក់គ្រឿងតង្វាយគឺមាន់ បាយ សម្ល ឯស្រូវ អង្ករ គេដាក់នៅកណ្ដាល គេឲលេងភ្លេងតាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៤រសៀល ទើបទាំងពីរនាក់ប្រុសស្រី ព្រមទាំងភ្លេងនាំគ្នាសដង្ហែសង្ឃឹកនោះ ទៅចោលនៅទីវាលពោធិកណ្ដាល រួចហើយត្រលប់មកវិញជាការបង្ហើយកិច្ច។អ្នកតានោះសេពសោយតែគោ មាន់ស្រាជាអាហារ។ ពិធីប្រវត្តិអ្នកតាៈតាមឮចាស់ដំណាសតគ្នាមកថា ពីរយូរណាស់មកហើយ នៅភូមិត្រងិលនេះ មានសត្វពាហនៈ ក្របី គោ ជាដើមកើតជំងឺ ឈឺស្លាប់រងោះរង្គាលពេញទាំងភូមិ វេលានោះមានមនុស្សឈ្មោះ”ត្រក” គាត់ត្រូវបានស្លាប់អស់ញគោ១នឹមដែរដោយជំងឺនោះ។គាត់បែកគំនិតចេញជួញក្រមាម្ដង បំណងថាក្រែងបានចំណេញប្រាក់កាស នឹងយកទៅទិញគោទឹមប្រើតទៅទៀត។តាត្រកនោះយកក្រមាទៅលក់ឯស្រុកខ្សាច់ស្ពៃ កំពង់លែងដដែល។ លុះលក់អស់ស្រេច ក៍គិតថាស្អែកឡើងនឹងវិលទៅកាន់លំនៅវិញ។ក្នុងវេលាយប់នោះគាត់យល់សប្ដិឃើញគេមកប្រាប់ថាៈ “តាឯងយកខ្ញុំទៅដាក់ឯភ្នំត្រងិល ស្រុកតាឯងផងទៅ ខ្ញុំ និងធ្វើឲស្រុកតាឯង បានសេចក្តីសុខសប្បាយឲឈប់មានជំងឺតម្កាត់ដូចមុនទៀត ព្រោះស្រុកតាឯង មិនមានអ្នកតាណាធំជាងខ្ញុំទៀតទេ ងារខ្ញុំជាឃ្លាំងមឿងស្ដីទីអភិបាលស្រុក ព្រមទាំងប្រពន្ធខ្ញុំឈ្នោះជំទាវសុខ ក៍មានងារស័ក្ដិធំដែរយើងនៅនឹងដើមជ្រៃធំនេះ”។តាត្រកភ្ញាក់ដឹងខ្លួនឡើងមានសេចក្ដីត្រេកអរ ហើយទៅនិយាយបន់ស្រន់ដើមជ្រៃនោះថា”សូមលោកតាអញ្ចើញទៅភ្នំត្រងិលជាមួយខ្ញុំ លុះជិតដល់ស្រុកខ្ញុំនឹងទៅមុន ដើម្បីហៅអ្នកស្រុកឲមកទទួលលោកឲសមតាមស័ក្ដិលោកជាធំ”។ និយាយបវារណាស្រេចកាលណា តាត្រក ក៍ត្រឡប់ទៅស្រុកវិញ លុះបានដល់ទួលស្លឹង គាត់បន់ស្រន់ម្ដងទៀតថា”សូមលោកតាអញ្ជើញឈប់នៅទីនេះសិនចុះ ចាំខ្ញុំទៅនាំមនុស្សពីភូមិមកទទួលលោក”គាត់ចូលដល់ភូមិ ក៍បបួលអ្នកស្រុកទៅទទូលលោកតា អ្នកស្រុកទាំងអស់ព្រមទាំងពួកភ្លេង ក៍នាំគ្នាមកតាមតាត្រក ដល់ទួលស្លឹងហើយ ក៍និយាយបន់ស្រន់ទៀតថា”សូមលោកតាអញ្ជើញទៅកាន់ភ្នំត្រងិល”។ ចំណែកមនុស្សខ្លះត្រូវចាត់ទៅធ្វើកន្លែងនៅចាំត្រង់ចង្កេះភ្នំត្រងិលជាស្រេច ដូចនេះហើយទើបគេសន្មត់ថា អ្នកទួលស្លឹង។ លុះដល់ចង្កេះភ្នំត្រង់កន្លែងដែលគេរៀបចំនោះ គេក៍រៀបឲប្រគំភ្លេងឡើងម្ដងទៀត គ្រានោះក៍ស្រាប់តែអ្នកតាចូលជាន់រូបតាត្រក ជាខាងក្រោយតមក ក៍ចេះតែជាន់រូបរហួតដល់តាត្រកចាស់ជរា។ តាំងពីពេលនោះមកអ្នកតានោះមានឬទ្ធិអំណាចណាស់បើអ្នកស្រុកប្រាថ្នាយ៉ាងណា ហើយបានទៅបន់សុំ សឹងបានសម្រេចដូចប្រាថ្នាទាំងអស់។ គួរចាប់អារម្មណ៍អំពីការអស្ចារ្យមួយ គឺគោដែលគេដាក់តង្វាយអ្នកតានោះ លុះដល់ពេលអ្នកតាចូលជាន់រូប ក៍ស្រាប់តែវារដើរមកកាន់ទីកន្លែងបញ្ជាន់រូបនោះឯង ឥតមានដឹកមកសោះ មកដល់ហើយក៍ឈរទ្រឹងមុខរូបសំណាក់ ឯរូបសំណឹងកំពុងជាន់នោះគ្រាន់តែយកទឹកទៅប្រោះ លើគោ ក៍ដួលស្រឹបស្លាប់មួយរំពេច។ ការសក្ដិសិទ្ធិនេះគេឃើញតាំងពីតាត្រកនៅរស់ រហូតដល់តាត្រកស្លាប់ លុំតាត្រកស្លាប់ទៅ អ្នកតាក៍ចាប់ចូលជាន់រូប”តាហ៊ីង” ដែលត្រូវជាកូនតាត្រកតមកទៀត។ផុតពីតាហ៊ីង ក៍ចូលទៅជាន់រូបតាអន ត្រូវជាកូនតាហ៊ីងទៀត។លុះតាអន បែកទៅនៅភូមិសំរោង ក៍ចូលទៅជាន់រូបតាឡុញជាកូនតាអនរហូតដល់សព្វថ្ងៃនេះ។ ឯរូបស្រីក៍ជាន់តកូនតចៅដូចគ្នាដែរគឺៈដំបូងចូលជាន់រូបយាយកែ ហើយបន្តមក យាយម៉ៅ យាយសួន យាយឪ។ អ្នកតានោះពីដើម បានជាពូកែដល់ម្លេះមកពីអ្នកស្រុកមានជំនឿខ្លាំងពេក។ លុះចំណេរមកខាងក្រោយ អ្នកស្រុកចេះធម៌វិន័យត្រឹមត្រូវទៅ ក៍លែងសូវជឿ ការខ្លាំងពូកែរបស់អ្នកតាក៍ថយទៅជាលំដាប់ដែរ មកនៅត្រឹមតែការបួងសួងសុំទឹកភ្លៀង និងសុំឲបាត់ជំងឺបន្តិចបន្ទួចតែ ប៉ុនណ្ណោះ។
  • nem huoyly ya, 0966331300 , huoy.nem@gmail.com