Free 100%

banteay chhmar temple

    v ៧~រឿង ប្រាសាទបន្ទាយឆ្មារ (ខេត្តបាត់ដំបង) ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ ខេត្ត បាត់ដំបងនៅចម្ងាយផ្លូវប្រមាណ១២០គម ទិសខាងជើងនៃក្រុងបាត់ដំបង។ ពីដើមមក តំបន់នេះ ស្ថិតនៅក្នុងអាថ៌កំបាំង ណាស់ព្រោះផ្លូវទៅមក ជាផ្លូវរទេះ រថយន្តពុំអាចធ្វើដំណើរបានឡើយ មានតែអ្នកស្រាវជ្រាវខ្លះៗ ដែលខិតខំតស៊ូ ធ្វើដំណើរឲ្យបានទៅដល់ទី នោះតែទៅបានដោយលំបាក គឺត្រូវប្រើរទេះគោ ឬ សេះ។ នៅគ្រាសព្វថ្ងៃ ទីតំបន់នេះ ក៏បានពង្រីកមុខមាត់ស្រស់បស់ដែរ ក្រោមការ រៀបចំនៃរដ្ឋាភិបាលសង្គមរាស្រ្ដនិយមដែលមានសម្ដេចឪទ្រង់ដឹកនាំគឺរាជការ បានចែកតំបន់នេះជាស្រុកមួយ ហៅថាស្រុកបន្ទាយឆ្មារ ដែលពីដើមនៅជាឃុំ តូច ស្ថិតនៅដាច់ស្រយាល។ ទីកន្លែងនេះរាប់បានថាជាភូមិភាគព្រៃភ្នំ ព្រោះនៅ ចម្ងាយតែ២៥គម ប៉ុណ្ណោះ ពីជើងភ្នំដងរែក។ តាមការស្រាវជ្រាវរកប្រវត្តិសាស្រ្ដពង្សាវតានិងរឿងព្រេងដែលទាក់ទង ដោយប្រាសាទបុរាណនេះ ឃើញមាននៅរដាច់រដោច តាមសាស្ដ្រស្លឹករឹតខ្លះ តាមមាត់អ្នកស្រុកខ្លះ។ យើងលើកយកមកពោលក្នុងទីនេះតាមឯកសារក្រុមជំនុំ ទំនៀមទម្លាប់ ដែលសមាជិកខេត្តក្រៅសរសេរមកខ្លះតាមសាស្ដ្រាស្លឹករឹតនៅវត្ត ថ្មពួកខ្លះ និងតាមសាស្រ្ដាបុរាណរឿងព្រះបាទយសកេរ ដែលមានតម្កល់នៅ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យខ្លះ ល្មមឲ្យប្រមូលសេចក្ដីបានដូចតទៅនេះ៖ មានសេចក្ដីនិទានថា កាលពីអង្វែងព្រេងនាយ ឆ្ងាយមកហើយ មានក្សត្រមួយព្រះអង្គ គ្រងរាជ្យនៅចម្បាកបុរី (ត្រង់បន្ទាយឆ្មារសព្វ ថ្ងៃ) មានព្រះនាមព្រះបាទ យសកេរ ។ ព្រះអង្គមានព្រះហទ័យសណ្ដោស មេត្តាណាស់ នគរជិតខាង ក៏ព្រះអង្គមិនដែលមានហេតុអ្វី ជាមួយ ឡើយ។ ប្រជានុរាស្ដ្ររបស់ព្រះអង្គ ក៏បានក្សេមក្សាន្តសន្តិភាពយ៉ាង រៀបរយ ។ ព្រះនាមដ៏ខ្ពង់ខ្ពស់នេះ បានលេចឮដំណឹងទៅដល់ព្រះ រាជាមួយព្រះអង្គទៀត ព្រះបាទ ហ៊ូលូ ដែលគ្រងរាជ្យនៅប្រាសាទព្រៅ នាំឲ្យចង់រំលោភអំណាចមកលើដែនចម្បាកបុរី ទើបថ្លែងសារមួយ ទារយករាជសម្បត្តិពីព្រះបាទយសកេរ ។ ដោយព្រះអង្គសព្វព្រះទ័យ តែនឹងការស្ងប់សន្តិភាព ព្រះបាទយសកេរ ទ្រង់ពុំព្រមតសង្គ្រាមបាន ព្រោះនាំឲ្យលំបាកដល់ប្រជាពលរដ្ឋព្រះអង្គ។ ដូច្នេះចាប់តាំងពីពេលនោះមក បន្ទាយឆ្មារ ក្នុងដែនចម្បាកបុរីត្រូវឋិតនៅ ក្នុងឃុំគ្រងបាទ ហ៊ូលូ រហូតមក។ លុះពេលជាចំណេរមក ព្រះបាទហ៊ូលូ មានបំ ណងចង់ពង្រីកទឹកដីថែមទៀតផងនិងខ្លាចព្រះមហាក្សត្រអង្គមុនមកដណ្ដើម យកស្រុកវិញផង ព្រះអង្គក៏ប្រកាសដល់មហាជនថា ឥឡូវនេះព្រះបាទយស កេរបាន ប្រុងនឹងកទ័ពលើកមកវាយព្រះអង្គ វិញហើយ ហេតុនេះ បើនរណាមួយអាចយកការណ៏ឲ្យច្បាស់ ពីទីកន្លែងព្រះបាទយសកេរបាន ព្រអង្គនឹងប្រទាននូវមាស១០០០តម្លឹង។ ពេលនោះ មានពួកព្រានដែលដើរបាញ់តាមព្រៃផ្សៃឆ្ងាយៗក៏ទៅលបមើល ឃើញព្រះបាទយសកេរ ជាមួយព្រះនាងបទុម ជាអគ្គមហេសី និងរាជកុមារវិបុល កេរ ទ្រង់គង់នៅប្រាសាទតាមាន់ ដែលឋិតនៅលើខ្នងភ្នំដងរែក ។ ដោយសារ ចង់បានរង្វាន់ជាមាស១០០០តម្លឹងនោះ ពួកព្រានកំណាច នាំគ្នាលបចាប់ព្រះ បាទយសកេរ នៅពេលដែលព្រះអង្គគង់ស្មឹងស្មាធិ៏ធ្វើសមាធិ តែមួអង្គឯងនៅក្នុង ព្រៃស្ងាត់ នាំយកទៅថ្វាយព្រះបាទហ៊ូលូ ដើម្បីបើកយករង្វាន់។ ពេលនោះ ព្រះបាទហ៊ូលូ ក៏ទ្រង់ត្រាស់បញ្ជាឲ្យពេជ្ឈឃាត នាំយកព្រះអង្គទៅដាក់ទោស យ៉ាងទម្ងន់។ នឹងចាប់ថ្លែងពីព្រះនាងបទុម និងព្រះរាជបុត្រាវិញម្ដង។ ព្រះនាងសោយសោកសង្រេងសង្រៃដោយបាត់ស្វាមី ហើយថែមទាំងបានទទួល ដំណឹងថា ព្រះបាទហ៊ូលូ កំពុងតែដាក់ក្ដីជាទម្ងន់ទៀត។ ព្រះនាងរក្សាបុត្រា បណ្ដូលហឬទ័យ នៅក្នុងព្រៃអស់រយៈពេលយ៉ាងយូររហូតដល់ព្រះរាជបុត្រា មានព្រះជន្ម១២ ព្រះវស្សា ។ ព្រះរាជកុមារ ដេញដោលពីរឿងរ៉ាវនៃព្រះបិតា ឯព្រះនាងបទុម ជាមាតា ក៏រ៉ាយរ៉ាប់សព្វគ្រប់ប្រទានបុត្រស្ដាប់។ តាំងពីជ្រាប រឿងហេតុនេះពិតមក ព្រះកុមារស្រីវិបុលកេរ តែងតែនឹករលឹកព្រះបិតា ចង់តែសងសឹក ឲ្យឃើញទាន់ហន់តាមកំហឹង តែព្រះមាតាចេះតែព្រមានរំលឹក ដាស់តឿន ឲ្យបំភ្លេចរឿងនេះចោលទៅ ព្រោះយើងឥតគ្នីគ្នា នៅក្នុងព្រៃដូចនេះ គ្មានសង្ឃឹមនឹងបានវិលត្រឡប់ទៅកាន់ស្រុករកខុសត្រូវវិញបានឡើយ។ ទោះបី ព្រះមាតា ឃាំងឃាត់យ៉ាងណាក្ដី ព្រះរាជកុមារនៅតែពុំសុខព្រះទ័យឡើយ។ ពេលមួយ ព្រះអង្គលាព្រះមាតា ទៅស្វែងសព្វទិសទី រកស៊ើប ដំណឹងព្រះបិតា។ ការស្វែងនេះ បានប្រព្រឹត្តទៅអស់ពេលដ៏យូរស្រាប់តែទៅប្រទះឃើញ នៅត្រង់ ចន្លោះនៃបន្ទាយឆ្មារ នូវក្បួនហែអ្នកទោសទៅសម្លាប់ ។ ព្រះរាជកុមារ ក្រឡេក ទៅស្គាល់អ្នកទោសនេះជាក់ជាបិតាព្រះអង្គទ្រង់ក៏ជែកពួកហ្វូងមនុស្សឆ្ពោះទៅ ដល់ទីចំពោះព្រះភក្រ្ដនៃព្រះបាទហ៊ូលូ ដែលកំពុងតែគង់ទតក្បួននេះដែរ។ ព្រះរាជកុមារ មានព្រះបន្ទូលខ្លាំងៗថា៖ -អ្នកទោសនេះ ជាបិតារបស់ខ្ញុំលោកគ្មានទោសអ្វីទេ។ ការដែលបញ្ជូនទៅ សម្លាប់នេះ គ្មានហេតុផលអ្វីជាសំអាងឡើយ ដូច្នេះសុមឲ្យលែងភ្លាម បើចង់ សម្លាប់ណាស់ ខ្ញុំស៊ូឲ្យសម្លាប់ខ្ញុំជំនួសវិញ! ព្រះបាទហ៊ូលូ ទ្រង់បាលឺហើយ ក៏ភ្ញាក់យ៉ាងខ្លាំង ហើយត្រាស់បញ្ជាឲ្យ ពេជ្ឈឃាតប្រហារព្រះរាជកុមារ នៅចំមុខបណ្ដាជន ដែលកំពុងតែមកអ៊ូអរ ដើម្បី ទុកជាបម្រាមដល់ជនទូទៅ។ អ្នកស្រុក ដែលឈរមើលទាំងប៉ុន្មានសឹងផ្អើលឈូ ឆរ ដោយសារហេតុការណ៏ចម្លែកនេះ ។ ភ័យរន្ធត់ នឹកអាសូររាជកុមារ ខ្លះស្ងប់ស្ងែងនឹងចិត្តក្លៀវក្លា របស់ព្រះអង្គ របស់ព្រះរាជកុមារនេះ ។ ដោយអានុភាពកតញ្ញុតាធម៏របស់ព្រះអង្គ ចំពោះអ្នកដ៏មានគុណ ដាវដ៏មុតរបស់ពេជ្ឈឃាត ប្រែត្រឡប់ជាមូរមុខអស់រលីង ជាហេតុអស្ចារ្យណាស់ ព្រះបាទហ៊ូលូ ទ្រង់ពិរោធយ៉ាងខ្លាំង ស្រែកសន្ធាប់ឲ្យពេជ្ឈឃាតប្ដូរដាវខ្មូរមុខ នោះចេញ យកដាវសំលៀងមុតហើយចូលមកកាប់ម្ដងទៀត។ ជាច្រើនលើក ច្រើនគ្រា ដាវនៅតែមូរមុខ ពុំបានដាច់សាច់កុមារ សូម្បីបន្តិចឡើយ។ឃើញថា ចាញ់ចេះហើយ ព្រះបាទហ៊ូលូ ឲ្យពេជ្ឈឃាតគរភ្នក់ភ្លើងនោះ ប៉ុន្តែឥតប្រយោជ ន៏ទៀតភ្លើងប្រជាត្រជាក់ល្ហឹម ឥតមានសៅហ្មង ដល់សាច់ឈាមព្រះអង្គកុមារ បន្តិចឡើយ។ ព្រះរាជកុមារ ទ្រង់ក្រោកចេញពីភ្នក់ភ្លើងដោយព្រះភក្រញញឹម ប្រិមប្រិយ ឆ្ពោះទៅរកព្រះបាទហ៊ូលូ និងអាណាប្រជានុរាស្ដ្រទាំងអស់។ ធ្វើប៉ុណ្ណេះហើយក៏ ពុំទាន់អស់ព្រះទ័យទៀតព្រះបាទហ៊ូលូត្រាស់បញ្ជាឲ្យអា មាត្យនាំយកដំរីចម្បាំង ដែលកាចសាហាវមួយហ្វូង នាំមកឲ្យព្រេចព្រះរាជកុមារ ទៀត។ ពួកហ្មបានបំផាយហ្វូងដំរីយ៉ាងលឿនស្លេវ ចូលតម្រង់ព្រះរាជកុមារ តែអស្ចារ្យដំរីទាំងអស់ លុតជង្គង់ស្មើគ្នា នៅចម្ងាយពីរជំហានពីមុខព្រះកុមារ។ មិនតែប៉ុណ្ណោះដំរីច្បងនៅមុខគេ បានលើកត្រកងព្រះអង្គយ៉ាងថ្នាក់ថ្នមដាក់លើ ក្បាលដំរីខ្លួនថែមទៀត។ ពេលនោះ អ្នកស្រុកទាំងអស់ ផ្អើលឆោឡោ ចូលទៅចោមរោមព្រះរាជកុមារ ថ្វាយវរវន្ទាគ្រប់ៗគ្នា។ ឃើញមហិទ្ធីឬទ្ធិព្រះរាជ កុមារដូច្នោះ ព្រះបាទហ៊ូលូ លួចភៀសព្រះអង្គចេញបាត់ពីហ្វូងមនុស្ស ដែលកំពុងតែជ្រួលច្របល់។ ម្ល៉ោះហើយ នៅពេលដែលអ្នកផងរួចពីការជ្រួល ជ្រើមវិញ ស្រាប់តែរកស្ដេចហ៊ូលូមិនឃើញសោះ ក៏យល់ថាព្រះអង្គភៀសចេញបំ បាត់ដាន ដោយខ្លាចឬទ្ធីបារមីព្រះរាជកុមារវិបុលកេរ ដែលឃើញជាក់ស្ដែងអស្ចា រ្យយ៉ាងនេះ។ បន្ទាប់មក ព្រះរាជកុមារវិបុលកេរ បាននាំព្រះបិតាគង់លើព្រះទីនាំងជេន្ទ្រ យាងដំណើរយាងដំណើរទៅប្រាសាទតាមាន់លើភ្នំដងរែក រួបរួមសុខទុក្ខជាមួយ ព្រះនាងបទុមុយ៉ាងសុខសាន្ដទៅ។ ប៉ុន្តែមិនយូរប៉ុន្មានដោយសារគ្រាំគ្រាទារុណ កម្មផងព្រះបាទយសកេរជាព្រះបិតាក៏សុគតទីនោះ។នៅពេលបន្ទាប់មកព្រះរាជកុមាររៀបចំថ្វាយព្រះភ្លើងបញ្ចុះព្រះធាតុយ៉ាងស្រួលបួលក្នុងទីនោះឯង។ នៅពេលបន្ទាប់មកទៀត អ្នកស្រុកបន្ទាយឆ្មារមាននាម៉ឺនសព្វមុខមន្ត្រីជា អាទិ៏បាននាំគ្នារៀបក្បួន ទៅដង្ហែព្រះរាជកុមារវិបុលកេរនាំយកមកអភិសេកជា ក្សត្រពេញយស នៅវាំងបន្ទាយឆ្មារ ឯពះនាងបទុមក៏រស់នៅយ៉ាងសុខសាន្តជា មួយចាជបុត្ររហូតទៅ។ រឿងព្រេងនេះប្រហែលគ្នានឹងរឿងព្រេងនៅភ្នំស្រីវិបុលកេរ្ដិ៏នៅខេត្តសៀម រាប ប្លែកគ្នាតែខាងចុង ដែលរឿងភ្នំស្រីវិបុលកេរ្តិ៏ នៅសៀមរាបថាព្រះរាជកុមារ នេះនិងព្រះវរបិតាសុគតទៅវិញ។ ប៉ុន្តែបើដេញដោលរកឲ្យឆ្ងាយទៅទៀត គេឃើញរឿងនេះ មានក្នុងគម្ពីរ”បញ្ញាសជាតក” ដែលជាគម្ពីរបាលីតែងស្រុកអា យនៅជ្រោយសុវណ្ណភូមិយើងនេះ។ដូច្នេះអ្នកស្រាវជ្រាវ អាចយល់បានពីរផ្លូវថា៖ ១-ទំនងជាអ្នកស្រុកខ្មែរយើង បានឃើញរឿងនេះ មាននៅក្នុងគម្ពីរបញ្ញាសជា តករួចហើយ ទើបគេស្រង់មកតំណាលភ្ជាប់នឹងទីភ្នំនេះទៅ។ ២-ប្រហែលជាមានរឿងព្រេងបុរាណនេះ ជាប់ដិតដោយនឹងភ្នំនេះ ភ្នំនោះ រួចមកហើយ ទើបអ្នកប្រាជ្ញចេះភាសាបាលី នាំយកទៅតែងបញ្ចូលក្នុងបញ្ញាស ជាតក ជាក្រោយ។ មតិពីរនេះសមច្រើនដែរព្រោះមានរឿងព្រេងប្រចាំភ្នំ ភូមិស្រុកយើងច្រើន ណាស់ដែលក្លាយទៅជារឿងក្នុងបញ្ញាសជាតក ដូចជារឿងវរវង្ស សូរវង្ស(ជួរភ្នំគិ រីរម្យសព្វថ្ងៃ) ភ្នំនាងកង្រី(នៅកំពង់ឆ្នាំង)ជាដើម។ ចំពោះពាក្យថា”បន្ទាយឆ្មារ”នេះវិញ ក៏នាំឲ្យមានការដេញដោលសន្ធឹក ណាស់ដែរ។ តាមការយល់របស់អ្នកស្រាវជ្រាវខ្លះ ថាបន្ទាយឆ្មារនេះបានន័យថា “បន្ទាយតូច”ឬ”វាំងតូច” ផ្ទុយគ្នាអំពីបន្ទាយធំ ឬ នគរធំ ។ មតិនេះឃើញថា សមហេតុផលដែរ ព្រោះតាមប្រវត្តិសាស្ដ្រយើង ក៏ឃើញមានបន្ទាយធំជារាជ ធានី ដែលហៅថា”មហានគរ” ប្រែថាក្រុងធំ ។ ដូច្នេះ កាលបើមានបង្កើតក្រុង មួយទៀត ដែលតូចល្មម ឬ ជារាជធានីតូច ដែលសម្រាប់ស្ដេចអនុរាជ ឬ ស្ដេច ត្រាញ់គង់នៅ ក៏អ្នកស្រុកអាចសំគាល់ហៅទីនោះថា ក្រុងតូច ឬ បន្ទាយតូច ឬបន្ទាយឆ្មារ ដូច្នេះក៏បានដែរ។ ឯកន្លែងនេះពិតជាមានទីក្រុងចាស់ប្រកដមែន ដូចជាការស្រាវជ្រាវ របស់លោកហ្គុលលីយ៉េរ សសេរថា មានទីប្រជុំជនមួយ ឈ្មោះ ក្បាលអន្សោង នៅចម្ងាយ២ គម ពីទីនេះ ធ្លាប់មានមនុស្សរស់នៅដល់ ទៅប្រមាណជា២០០.០០០នាក់ សុទ្ធតែជាពួកអ្នកមានមុខងារ មកកសាងប្រា សាទពីរជាន់នោះ។ ប៉ុន្តែដោយចំណេរតមក នៅតំបន់នោះ មានទឹកជំនន់ជន់ លិច មានកើតជំងឺតម្កាត់ច្រើន ពួកអ្នកស្រុកទាំងនេះ ក៏រត់ទៅនៅឯទីឆ្ងាយ ពីនេះបន្តិចទៅវិញ ដែលល្មមរស់នៅបានស្រួល គឺទីភូមិស្រុកសុរិន សព្វថ្ងៃនេះ។ ហេតុនេះហើយបានជាសុរិន្ទ ឡើងទៅជាទីប្រជុំជនសំខាន់មួយ តាំងពីគ្រានោះ មក។ មិនតែប៉ុណ្ណោះ តាមយោបល់លោក អៃម៉ូនិញេថា មកដល់ឆ្នាំ១៨៨៤ ដែលខេត្តសុរិន្ទ បានទៅសៀមហើយ ក៏ចៅហ្វាយខេត្តនេះ នៅតែមានងារថា៖ ពញាសុរិន្ទ ភក្ដីឆីនគរបន្ទាយសេមារ។ យោបល់នេះ ក៏បញ្ជាក់ថែមទៀតថា៖ ពួកអ្នកស្រុកសុរិន្ទ មានដើមកំណើតពីបន្ទាយឆ្មារនេះមែន។ តាមការស្រាវជ្រាវ របស់លោក សឺដេស បានបញ្ជាក់ថាប្រាសាទបន្ទាយ ឆ្មារ កសាងឡើងក្មុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺព្រះអង្គសាងឧទ្ទិសចំពោះ វិញ្ញាណក្ខ័ន្ធ នៃព្រះរាជបុត្រាព្រះអង្គ ព្រះនាមស្រិន្ទកុមារ ព្រមទាំងអ្នករួមអាវុធ របស់ព្រះអង្គ ៤នាក់ទៀត ដែលស្លាប់បាត់បង់ជីវិត ទៅក្នុងសមរភូមិ នៅគ្រា ប្រយុទ្ធជាមួយកងទ័ពចម្ប៉ាដែលចូលមករុករាន។ តែតាមឯកសារផ្សេងទៀតថា ព្រះបាទជ័យវរ្ម័ន២វបានសាងក្នុងដើមសតវត្សរិ៏ទី៩។ ដូច្នេះ សរុបសេចក្ដីទៅ តាមរឿងព្រេងក្ដី សិលាចារឹកក្ដី ក៏បង្ហាញបញ្ជាក់ថា ទីប្រាសាទបន្ទាយឆ្មារនេះ ជាទីប្រជុំជនចាស់ក្នុងសម័យអង្គរ ល្មមសមគួរតាម ពាក្យអ្នកស្រុកហៅ តាមទម្លាប់ពាក្យជាន់នោះហៅថា “បន្ទាយឆ្មារ ” ដែលបាន ន័យថា”វាំងតូច” ។ ឯរឿងព្រេងបន្ថែមលើរឿងរ៉ាវដ៏័វែង ដូចបានរៀបរាប់ខាង លើនេះ គ្រាន់តែជាការប្រឌិតយកទីកន្លែង ទៅភ្ជាប់ជាមួយអក្សរសាស្ដ្រ ឲ្យបានន័យពិរោះពិសាតែប៉ុណ្ណោះ។ រៀបរៀងដោយ ខ្ញុំបាទរ៉េន សៀវ ហុង ជានិស្សិតភីអិនស៊ីនៃឌីអឹមអូអេ ភ្នំពេញថ្ងៃសុក្រទី០២ខែឧសភាឆ្នាំ២០១៤ )(
  • seavhong ren, 0979438198 ,