Free 100%

ចង់មានកុំរង់ចាំឱកាស

    វិធីចាប់ទន្សាយរបស់បុរសបីនាក់

         មនុស្សល្ងង់បើគាត់ចង់បានសត្វទន្សាយហូប គាត់ដើរចូលព្រៃហើយដាក់បង្វិច កើយក្បាលដេកចាំឲសត្វទន្សាយរត់ចេញពីព្រៃមកនឹងអាលគាត់បាញ់។
         សាកគិតទៅមើល៍ បើគាត់ធ្វើបែបនេះ តើពេលណាទន្សាយរត់មកឲគាត់បាញ់? នេះគ្រាន់តែជារឿងដ៏ឆោតល្ងង់តែប៉ុណ្ណោះ។
         ចំណែកមនុស្សឆ្លាតវិញ ពេលគាត់ចង់បានទន្សាយហូប គាត់មិនដែរដេករងចាំឲ ទន្សាយរត់មកឲគាត់បាញ់ទេ គឺគាត់ដើរចូលទៅក្នុងព្រៃរកបាញ់ទន្សាយ ដែលប្រសើរជាងដេករង់ចាំទន្សាយរត់មកឲបាញ់។ បើពេលនេះគាត់រកមិនឃើញគង់តែពេលណាមួយរកឃើញជាមិនខាន ព្រោះទន្សាយវានៅក្នុងព្រៃស្រាប់ ហើយគ្រាន់តែ យើងដើរស្វែងរកមិនទាន់បានជួប។
         ចំណែកមនុស្សដែលមានគតិបណ្ឌិតវិញនោះ ពេលដែលគាត់ចង់បានទន្សាយហូប គាត់មិនដេករង់ចាំឱកាស ហើយក៏មិនស្វែងរកឱកាសដែរ តែគាត់បង្កើតឱកាស។
         មុនពេលទៅចាប់ទន្សាយ គាត់រំពៃគិតជាមុនសិនថា នៅក្នុងព្រៃនោះមានទន្សាយ ឬអត់? មានប្រហែលប៉ុន្មានក្បាល? វាមានទន្លាប់ចេញដើររកស៊ីពេលណា? កន្លែងណា? ហើយវាចូលចិត្តស៊ីអ្វី?
         ពេលគិតរួចហើយ គាត់ក៏ធ្វើអន្ទាក់ទៅដាក់ក្បែរព្រៃនោះ និងដាក់ចំណីឆ្ងាញ់ៗ ឲសត្វទន្សាយឆី ហើយគាត់ពួននៅក្បែរនោះចាំមើលទន្សាយជាប់អន្ទាក់នឹងអាលដោះយកមកធ្វើម្ហូប។
         នេះជាមធ្យោបាយចាប់សត្វទន្សាយរបស់ជនដែលមានគតិបណ្ឌិត។ គតិបណ្ឌិត គេធ្វើអ្វីមួយដោយប្រើប្រាជ្ញា ការគិតពិចារណា និងជ្រើសរើសយកមធ្យោបាយដែលល្អបំផុតសម្រាប់ធ្វើរឿងអ្វីមួយ។ គេមិនធ្វើតាមទម្លាប់ដដែលៗ ឬធ្វើដោយភាពខ្ជិលច្រអូសនោះទេ។ អ្នកអាចប្រើមធ្យោបាយនេះសម្រាប់មុខរបរ ឬកិច្ចការងារ ផ្សេងៗបាន ដោយរំលឹកនូវពាក្យនេះឡើងវិញថា៖
         -អ្នកល្ងង់រង់ចាំឱកាស
         -អ្នកឆ្លាតស្វែងរកឱកាស
         -គតិបណ្ឌិត ចេះបង្កើតឱកាស
         ឱកាសវាតែងតែសំដៅមករកមនុស្សគ្រប់រូប ប៉ុន្តែវាគេចចេញពីមនុស្សដែលរង់ចាំវាហើយ សំដៅទៅរកតែមនុស្សដែលកំពុងស្វែងរកវា និងបង្កើតវា។
         អ្នកជោគជ័យមិនមែនសម្បូរឱកាសជាងអ្នកបរាជ័យទេ តែពួកគេតែងតែចេញ ទៅរកឱកាស និងបង្កើតឱកាស ទើបពួកគេទទួលបានឱកាសច្រើនជាងអ្នកបរាជ័យ។
         ឱកាសកើតមានចំពោះមនុស្សគ្រប់រូបស្មើគ្នា ប៉ុន្តែមនុស្សាទាំងអស់មិនមែនសុទ្ធ តែទទួលបានឱកាសស្មើគ្នានោះទេ មនុស្សឧស្សាហ៍តែងទទួលបានឱកាសច្រើនជាងមនុស្សខ្ជិល។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com