Free 100%

ខ្លានិងអ្នកភ្ជួរស្រែ

    ខ្លានិងអ្នកភ្ជួរស្រែ

    កាលពីព្រេងនាយ មានបុរសម្នាក់គាត់ជាអ្នកភ្ជួរស្រែមួយរូប។ ថ្ងៃមួយបុរសនោះបានទៅភ្ជួរស្រែនៅឯចុងភូមិ ហើយគាត់ក៏បានយកក្របីរបស់គាត់ទៅជាមួយដែរ

    ។ បន្ទាប់ពីគាត់បានទៅដល់ស្រែ គាត់ក៏បានទៅភ្ជួរស្រែរបស់គាត់រហូតដល់ថ្ងៃត្រង់។បន្ទាប់មកបុរសនោះក៏បានយកក្របីរបស់គាត់ចងអោយវាស៊ីស្មៅ គាត់ក៏បានទៅហូបបាយ បន្ទាប់ពីបាយរួចគាត់ក៏ទៅដេកក្រោមដើមឈើមួយ។ ពេលនោះខ្លាក៏បានឃើញក្របីហើយសួរក្របីថា៖

    នែ! បងក្របី? បងឯងមានរូបរាងធំដូចនេះហេតុអ្វីក៏បងឯងអោយមនុស្សបញ្ជាតាមអំពើចិត្តយ៉ាងនេះ?

    ក្របីឆ្លើយថា៖ នេះជាប្រាជ្ញារបស់មនុស្ស ហើយយើងមិនអាចធ្វើអ្វីមនុស្សបានទេ។ ពេលនោះខ្លាចង់ដឹងថាប្រាជ្ញាមនុស្សជាអ្វីហើយក៏បានសួរទៅក្របីថា៖

    បងក្របីតើប្រាជ្ញាមនុស្សនោះជាអ្វី?

    ក្របីក៏បានឆ្លើយតបទៅវិញថា៖ ខ្ញុំមិនដឹងថាប្រាជ្ញាមនុស្សជាអ្វីនោះទេ បើបងឯងចង់ដឹង បងឯងទៅសួរគាត់ដោយផ្ទាល់ចោ៎ះ។

    ខ្លាមានការងើងឆ្ងល់ពេកក៏ទៅសួរបុរសនោះ ពេលទៅដល់ខ្លាក៏បានសួរបុរសនោះថា នែបង! តើប្រាជ្ញារបស់បងគឺជាអ្វី បងអាចប្រាប់ខ្ញុំបានទេ? បុរសនោះក៏បានឆ្លើយតបទៅវិញថា៖ ប្រាជ្ញា! ខ្ញុំមិនបានយកប្រាជ្ញាខ្ញុំមកតាមជាមួយទេ បើឯងចង់ឃើញយើងនឺងទៅយកអោយមើល តែមុននិងខ្ញុំទៅយកប្រាជ្ញារបស់ខ្ញុំ ខ្ញុំត្រូវចងអ្នកទុកជាមុនសិនពីព្រោះខ្ញុំខ្លាចក្រែងឯងស៊ីក្របីរបស់ខ្ញុំ។ ពេលនោះខ្លាក៏ព្រមអោយបុរសនោះចង បន្ទាប់មកបុរសនោះក៏បានយកខ្សែពួរជាច្រើនមកចងខ្លានោះ ពេលចងជាប់ហើយបុរសនោះក៏បានយកដំបងយ៉ាងធំមកវាយសំពងលើខ្លានោះ ហើយបានស្រែកប្រាប់ថា! នេះហើយជាប្រាជ្ញារបស់យើង ហើយបុរសនោះក៏បានវាយសំពងខ្លារហូតដល់រើបម្រាស់ហើយធ្វើអោយដាច់ខ្សែហើយក៏បានរត់ចូលព្រៃបាត់ទៅ។ ដូច្នេះហើយបានជាសត្វខ្លាមានស្នាមនិងគំនូសពេញខ្លួនរហូតដល់សព្វថ្ងៃនេះទៅ៕ គំនិតអប់រំនៅក្នុងរឿងនេះគឺចង់និយាយថា៖ ប្រាជ្ញាគឺគ្មានអ្នកណាអាចលួចបានទេ ប្រសិនបើយើងមានប្រាជ្ញាហើយយើងចេះប្រើវានោះអាចការពារយើងបានគ្រប់ពេលវាលានិងការពារសត្រូវឬឩបសគ្គនានាដូចមានសុភាសិតមួយបានពោលថា( ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ)៕

    ធ្វើនៅថ្ងៃទី០៣ ខែ កុម្ភះ ឆ្នាំ២០១៤ អ្នករៀបរៀងដោយនិស្សិតវ័យក្មេង លោក អ៊ី សុភណ័្ឌ
  • KIM Kosal, 070721534 , kim.kosal.ks@gmail.com