Free 100%

រឿងអ្នកតាកង-ជុំ

    រឿងអ្នកតាកង-ជុំ

    នៅភូមិកុមាររាជា ស្រុកបាទី ខែត្រតាកែវ ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ធឈ្មោះជុំ ។ អ្នក ទាំងពីរនេះ តាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាក វេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ ដោយនឹកថា ម្តេចក៏គេរកស៊ីចេះតែមានទៅៗ ឯ ឯងម្តេចក៏ចេះតែក្រ ? ។ គិតដូច្នេះហើយ ក៏បបួលប្តីប្រពន្ធរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំ ដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ ។ នៅកន្លែងនោះ គេសង់ខ្ទមតូច ១គ្រាន់នឹងជ្រកនៅ បណ្តោះអាសន្នប៉ុណ្តោះ ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្សសុចរិតទៀងត្រង់ មានធម៏សប្បុរសសង្គ្រោះដល់អ្នក កំសត់អត់ឃ្លានឯទៀតណាស់ ហៅគេឯងឲ្យមកនៅជាមួយផងក៏មាន ។ មិនយូរប៉ុន្មាន អ្នក ទាំងពីរបានក្លាយទៅជាអ្នកមានស្តុកស្តម្ភមាំមួនជាងគេមានបរិវារក៏ច្រើន ។ ចំណែកអ្នកដែល ក្រខ្សត់ឯទៀតៗក៏តែងតែចូលទៅខ្ចីបុលស្រូវអង្ករ ប្រាក់កាស អំពីឈ្មោះកង នាងជុំគ្រប់គ្នា តែអ្នកទាំងពីរនេះតាំងតែពីទៅនៅទីកន្លែងនោះ បានធ្វើកន្លែងមួយ សម្រប់អុជទៀនធូបបូជា ដាក់នំចំណីសែនជាធម្មតារៀងរាល់ថ្ងៃ ។ អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់ បាត់ទៅអ្នកស្រុកនៅឯក្រោយ ក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក ។ កន្លងនោះដើមឡើយ គេហៅថាចម្ការ តាកងយាយជុំ លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតាកង ជុំរហូតមកដល់សព្វថ្ងៃនេះ ។ មានកូនប្រុស តាកងយាយជុំម្នាក់ឈ្មោះ ឈុំ ជាអ្នកកាន់កាប់ថែរក្សាអ្នកតាកង ជុំនេះ តែមិនបានជាន់ទេ គ្រាន់តែបាំងម្តងៗ ក្នុងពេលដែលគ្រូឈុំត្រូវទៅព្យាបាលជម្ងឺ ឲ្យបានដឹងជា មុនថា ជម្ងឺនេះមើលបាន ជម្ងឺនេះមើលមិនបានតែប៉ុណ្ណោះ ។ សព្វថ្ងៃនេះ អ្នកស្រុកតែងតែគោរពបូជា ។ កាលបើស្រុកមិនស្រួលដោយជម្ងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យកំសាន្តស្រុក សុំឲ្យបានសេចក្តីសុខសប្បាយ មាននិមន្តព្រះសង្ឃ៨ អង្គ មកឆាន់ សូត្រធម៏ដារ មានធម៏កុសលាជាដើម ហើយមានរៀបធ្វើរទេះសេះ-គោ-ក្របី-ដំរី ដោយដើមចេក ផ្ទុកដោយនំចំណីគ្រប់មុខក្នុងនោះបញ្ជូនទៅ ដើម្បីឲ្យបានសេចក្តីសុខ សប្បាយ ។ កាលបើធ្វើបុណ្យរួចកាលណា ក៏ឃើញស័ក្តិសិទ្ធិបា្រកដមែន ។ ម្យ៉ាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង អ្នកស្រុកបបួលគ្នា ធ្វើបុណ្យបួងសួង សុំទឹកភ្លៀង ដូចរៀបរាប់ខាងក្រោមនេះ ។ ពីល្ងាចនិមន្តព្រះសង្ឃ៤ អង្គ សូត្រធម៏ប្រែអាកាស មានសូត្រធម៏ជ័យន្តោជាដើមរៀង ធ្វើរាជរ័តព័ទ្ធជុំវិញ ឲ្យលោកគង់ខាងក្នុងពួកឧបាសក ឧបាសិកានៅខាងក្រៅ មានបាត្រ ៤ គ្រប់លោកទាំង៤ អង្គទឹកអប់ដាក់គ្រប់បាត្រទាំង៤ ឲ្យលោកសូត្រធម៏បាចទឹកគ្រប់ទិសទាំង៤ គេធ្វើពិធីនេះនៅចំពោះមុខអ្នកតា លុះព្រឹកឡើងទើបនិមន្តព្រះសង្ឃច្រើនអង្គ(មិនមានកំណត់) គឺបើលោកក្នុងវត្តមានប៉ុន្មាន គេនិមន្តទាំងអស់ទៅកន្លែងអ្នកតា មានអាចារ្យ៣នាក់រៀបស្លា ធម៏១គូ សម្អាប១ ស្តក បង្អែម១ថាស ដាក់ចំពោះមុខអ្នកតា ហើយនាំគ្នាយកបាយមករាប់ បាត្រ និមន្តព្រះសង្ឃ សូត្រធម៏ កុសលា ជាដើម រួចប្រគេនព្រះសង្ឃឆាន់ អាចារ្យនាំគ្នាអុជ ទៀនធូបបួងសួងសុំទឹកភ្លៀង ហើយចាប់ចម្អាប និងបង្អែមគ្រប់មុខយកយកថ្វាយអ្នកតា ។ ឯ អាស្រមអ្នកតានោះ មានទំហំ២មបួនជ្រុង សសរឈើប្រក់ក្បឿង មានរានហាលខាងមុច១ម មានដើមឈើធំៗ ខ្ពស់ៗពីខាងត្បូង ខាងកើត ខាងជើង និងខាងលិច មានភ្នំមួយឈ្មោះ ភ្នំទទា បានជាហៅថា ភ្នំទទា ពីព្រោះភ្នំនោះសម្បូរដោយសត្វទទាព្រានទាក់សត្វតែងតែមកទាក់នៅ ភ្នំនោះ បានជាប់ឈ្មោះថាភ្នំទទាៗរហូតមកដល់សព្វថ្ងៃនេះ ។ នៅលើភ្នំនោះមានវត្តមួយលហៅថា វត្តភ្នំទទាដែរ មានព្រះសង្ឃជាច្រើនអង្គគង់នៅ រៀនសូត្រធម៏វិន័យ មានរៀបចំធ្វើជាជណ្តើរដោយបេតុងអារម៉េ ពីជើងភ្នំរហូតដល់កំពូលភ្នំ ។ ឯភ្នំនោះមានកម្ពស់ប្រហែល ៦៦៦ម ។ ​​​សូមអរគុណ!!
  • kosal chhaoet, 068276462 ,